កិច្ចសម្ភាសន៍ពិសេសអំពីដំណើរជីវិតនយោបាយរបស់លោក តាក់ ម៉េង ហ៊ាង តំណាងរាស្រ្តអូស្រ្តាលីដើមកំណើតខ្មែរ

Release Date:

ពលរដ្ឋ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង គឺជា​អ្នក នយោបាយបន្តវេនក្នុងនាមជាជនជាតិខ្មែរ ពីលោក ហុង លីម ​​ក្នុង​គណបក្ស​ពលករ (Labor party) ដែលមាន​ប្រជាប្រិយភាព​មួយ​រូប ដែល​មានការគាំទ្រពីពលរដ្ឋក្នុងតំបន់អាស៊ី ដែលភាគច្រើនជាជនភៀសខ្លួ​ន​ទៅរស់នៅក្នុងប្រទេសអូស្ត្រាលី សព្វថ្ងៃនេះដូចជាពលរដ្ឋខ្មែរ ពលរដ្ឋ​វៀតណាម ពលរដ្ឋថៃ ពលរដ្ឋចិន និងពលរដ្ឋភូមា ជាដើម។ លោក ​តាក់ ម៉េងហ៊ាង ​ដែល​បច្ចុប្បន្ន​មាន​វ័យ​ ៤៣ឆ្នាំគឺ​ជា​កូន​របស់​គ្រួសារ​អន្តោប្រវេសន៍ មានដើមកំណើតពីស្រុកឈូក ​ខេត្តកំពត។ លោកបាន​មក​រស់នៅ​ប្រទេស​អូស្ត្រាលីនៅឆ្នាំ១៩៩៦ ​តាមរយៈ​កម្មវិធី​មនុស្សធម៌​របស់​រដ្ឋាភិបាល​អូស្ត្រាលី។ លោក តាក់​ម៉េងហ៊ាង ​គឺជា​កូន​ច្បង​ក្នុង​ចំណោម​បងប្អូនចំនួន​៥​នាក់។ នៅពេល​លោក​ មក​ដល់​ប្រទេស​អូស្ត្រាលី​ក្នុង​វ័យ១៦​ឆ្នាំ​នោះ​ លោកបាន​ចូល​រៀន​សាលា​ភាសា​អង់គ្លេស​មួយ​រយៈពេលសិន ​មុននឹង​បន្ត​ចូល​រៀន​ថ្នាក់​វិទ្យាល័យ​ឡើង​វិញ។ បន្ទាប់មក ​លោក ​បាន​បន្ត​ចូល​រៀន​នៅ​សកល​វិទ្យាល័យ​វិចតូរីយ៉ា​ ​(Victoria University )​​ រហូត​ទទួល​បាន​សញ្ញាប័ត្រ​បរិញ្ញាប័ត្រ​ចំនួន​ពីរ ​គឺ​ផ្នែក​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយនៅឆ្នាំ២០០៦។ មុននឹង​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ ​លោក តាក់ ម៉េងហ៊ាង ​ធ្លាប់​ធ្វើ​ជា​មេធាវី​រយៈពេល​៥ឆ្នាំ ​បន្ទាប់មក លោកបានបង្កើត​​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​​មួយ ដែល​ផ្តល់​សេវា​ផ្នែក​ច្បាប់ទៅដល់ពលរដ្ឋនៅឆ្នាំ២០០៨។ ក្រៅពីនេះ​ លោក​ ក៏​ធ្លាប់​ធ្វើជា​អ្នក​អត្ថាធិប្បាយ​នៅ​វិទ្យុ ​SBS ខ្មែរ ​រយៈ​ពេល​១០ឆ្នាំដែរ ​និង​ធ្វើ​ជា​អ្នកបកប្រែ​ភាសា​ ​នៅ​តាម​មន្ទីរពេទ្យ តាម​សាលារៀន និងតុលាការ ថែមទៀត។ ​ នៅ​ពេលនោះ​ហើយ ដែល​ធ្វើឱ្យលោកបាន​ដឹង​អំពី​សេចក្តី​ត្រូវការ​ របស់​​​សហគមន៍​ខ្មែរ​កាន់តែខ្លាំងឡើងៗ ហើយ ក៍ដោយសារ​តែ​កត្តា​នេះដែរ ដែល​ជម្រុញឱ្យរូបលោក​ចូលរួម​សកម្មភាព​ក្នុង​សង្គម​កាន់តែ​ខ្លាំង ​ដើម្បីបាន​ដឹងឱ្យកាន់តែច្រើន​អំពី​សេចក្តី​ត្រូវការ​របស់​សហគមន៍​ខ្មែរ ថែមទៀត។ ដោយសារតែ មានការ​គាំទ្រ ​និងលើកទឹកចិត្ត​ ពី​អតីត​តំណាង​រាស្ត្រ​អូស្ត្រាលី ​ដើម​កំណើត​ខ្មែរ​​លោក ហុង លីម ​និង​ប្រធាន​សមាគម​ខ្មែរ​សាជីវកម្ម ​លោក ជា យូរហ៊ន ​លោក ​តាក់ ម៉េងហ៊ាង​ បាន​ចាប់ផ្តើម​ចូល​​ប្រឡូកក្នុងកិច្ចការនយោបាយពេញទំហឹងតែម្តង បន្ទាប់ពីលោក បាន​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​​​​ដែនឌឺណុង (Dandenong) ​ពីរ​អាណត្តិ ​តាំងពី ឆ្នាំ​២០១២ ​និងបានឡើង​ធ្វើជា​អភិបាលក្រុង​មួយ​អាណត្តិនៅឆ្នាំ២០១៦ ដែរនោះ។ បន្ទាប់មកទៀត នៅ​ឆ្នាំ​២០១៨​ លោក​ បាន​លា​ឈប់​ពី​ចៅហ្វាយក្រុង ​ហើយ​ ឈរ​ឈ្មោះ ​និង​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​ បន្តវេន​ពី​លោក ហុង លីម​ ដែល​ជា​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ដំបូង​គេរហូត​មក​ដល់​សព្វថ្ងៃនេះ។ ក្រោយពីជាប់ឆ្នោតជាតំណាងរាស្ត្រ លោក តាក់ ម៉េង​​ហ៊ាង ក៏បាន​ធ្វើ​ការ​មិនខុសពីលោក ហុង លីម ដែរ ដែលតែងតែ ជម្រុញ​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី តាក់តែងច្បាប់ និងអនុវត្តច្បាប់ ដើម្បីលើកស្ទួយលទ្ធិ​ប្រជាធិ​តេយ្យ និងការគោរពសិទ្ធិមនុស្ស​នៅកម្ពុជា រហូត​ដល់សព្វថ្ងៃនេះ៕ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងលោក តាំង សារ៉ាដា និងលោក តាក់ ម៉េងហ៊ាង ដែលមានសេចក្តីដូចតទៅ

កិច្ចសម្ភាសន៍ពិសេសអំពីដំណើរជីវិតនយោបាយរបស់លោក តាក់ ម៉េង ហ៊ាង តំណាងរាស្រ្តអូស្រ្តាលីដើមកំណើតខ្មែរ

Title
កិច្ចសម្ភាសន៍ពិសេសអំពីដំណើរជីវិតនយោបាយរបស់លោក តាក់ ម៉េង ហ៊ាង តំណាងរាស្រ្តអូស្រ្តាលីដើមកំណើតខ្មែរ
Copyright
Release Date

flashback